បណ្តាំឪពុក (បទកាកគតិ)


ថ្មីៗក្តៅៗហ៊ុយៗ មិនបានអានអាចស្តាយក្រោយ
សូមអភ័យទោសផងពាក្យខ្លះអាចសរសេរខុសព្រោះចង់បង្ហោះ អួតគេពេក 😂😍

បណ្តាំឪពុក (បទកាកគតិ)

១.ហៃកូនប្រុសស្រី ក្មេងចាស់គ្រប់វ័យ ឆាប់មកនេះណា
ឪពុកចង់ផ្តាំ បណ្តាំវាចា មុខក្ស័យសង្ខារ
ផ្ញើទុករាល់គ្នា។
២.រឿងរ៉ាវជីវិត សុខទុក្ខច្រើនពិត ចង់លើកពណ៌នា
គ្រាន់បានចំរើន តិចច្រើនគ្រប់គ្នា ក្រែងជៀសគ្រាំគ្រា
សោកស្តាយពេលក្រោយ។
៣.រាល់រូបអាត្មា កើតមកនេះណា កម្មចារមកហើយ
មានគូអត់គូ ឆាប់យូរមុនក្រោយ យកខុសស្តាយក្រោយ
លំបាកកែប្រែ។
៤.លោកធៀបឧបមា ធ្វើគ្រប់កិច្ចការ ដំណាំឬស្រែ
ត្រូវម្តងខុសម្តង សៅហ្មងអាចកែ យកខុសគូស្នេហ៍
យ៉ាប់កែខ្លាំងណាស់។
៥.នេះគឺសម្តី ក្រមង៉ុយកវី ល្បីឯកជាក់ច្បាស់
ទុកដាក់កូនចៅ ញាតិផៅមើលណាស់ មិនជឿពាក្យចាស់
ស្រឡះដៃធេង។
៦.បើតាមម៉ែឪ ខុសទាស់ផ្លាតផ្លូវ មិនសូវវង្វេង
ខូចចិត្តមានម៉ែ ពុកថែដូចក្មេង ចាស់មិនលេងធេង
លោកដើរមុនយើង។
៧.រឿងមានច្រើនពិត ឲ្យពួកកូនគិត ស្នេហ៍កុំទំនើង
បីដូចចំបើង ខ្យល់បើងឆេះភ្លើង រលាក់ដៃជើង
កើតទុក្ខស្តាយក្រោយ។
៨.មិនមែនសម្តី គ្រប់ពាក្យពុកស្តី ត្រូវគ្រប់នុះឡើយ
តែចង់ឲ្យគិត ពិនិត្យមុខក្រោយ ចិត្តឯងក៏ដោយ
គិតឲ្យបានច្បាស់។
៩.ដូចរឿងស្នេហា ចង់បាច់គ្រួសារ គេក្មេងឯងចាស់
ខុសវ័យគ្នាឆ្ងាយ គង់ស្តាយជាក់ច្បាស់ ជួនយ៉ាប់កែផ្លាស់
រឿងពិតគឺមាន។
១០.ប្រុសចាស់ស្រីក្មេង វក់ចិត្តវង្វេង ភ្លេចបាត់សីលទាន
ចោលកូនប្រពន្ធ ជាប់ធ្ងន់ចិត្តហ៊ាន អាងលុយកាក់មាន
តណ្ហាដឹកមុខ។
១១.ឬកំលោះចាស់ វ័យជ្រេជាក់ច្បាស់ សោកស្តាយកើតទុក្ខ
ចង់បានប្រពន្ធ ទ្រព្យធនដាក់ទុក ភ្លេចឆ្លុះមើលមុខ
ដូចតា.ពុកកូន។
១២.កម្របានគាប់ ស្រីក្មេងស្នេហ៍ជាប់ មុនងាប់សោះសូន្យ
ច្រើនបានយំសើច សំណើចចៅកូន ញាតិមិត្តបងប្អូន
ខ្វល់ចិត្តជួយស្តាយ។
១៣.សព្វរឿងកិច្ចការ ខុសទាស់ស្តីថា ស្រីក្មេងឆើតឆាយ
អាចមិនសូវខ្វល់ លេងកលឧបាយ ជួនខឹងជេរម្តាយ
ប្តីចាស់ក៏មាន។
១៤.អាចមិនសូវក្រែង យល់ប្តីស្នេហ៍ឯង ស្រីក្មេងចិត្តហ៊ាន
លួចលាក់ប្រុសផ្សេង អាងក្មេងទ្រព្យមាន ប្តីចាស់អត់ឃ្លាន
នាងចង់មិនគ្រប់។
១៥.លំបាកចិត្តកាយ ប្រុសចាស់អាចស្តាយ ព្រួយខ្វល់ថ្ងៃយប់
ស្នេហាខុសវ័យ ក្មេងស្រីវក់ងប់ ចុងក្រោយចង់ឈប់
អាចហួសវេលា។
១៦.មានដែរប្រុសចាស់ ជួបស្រីក្មេងច្បាស់ រស់នៅសុខជា
ដប់អាចមានមួយ ផុតព្រួយគ្រាំគ្រា យកវ័យក្បែរគ្នា
ច្រើនដឹងរាក់ជ្រៅ។
១៧.ចំណែកស្រីចាស់ ចង់ប្តីក្មេងច្បាស់ អាចយ៉ាប់ពេកកូវ
អាងមានទ្រព្យយស ខ្ពង់ខ្ពស់ជាប់នៅ ស្បែកជ្រួញសក់ស្កូវ
នៅប្រឹងហាយឡាយ។
១៨.តុងតែងលើក្រោយ កែកុនរូបឆោម អួតប្រុសជិតឆ្ងាយ
ពិសេសប្តីក្មេង ខ្លួនលេងសប្បាយ កុំឲ្យជិតណាយ
ភ្លេចស្អប់ខ្លួនបាន។
១៩.ស្រីចាស់ផ្គាប់ផ្គន់ បាយទឹកទ្រព្យធន ប្តីស្រស់កល្យាណ
មិនឲ្យមានព្រួយ រឿងមួយកើតបាន គង់ឈ្លោះមិនក្សាន្ត
ក្នុងក្រុមគ្រួសារ។
២០.ប្តីក្មេងជិនណាយ ស្រីចាស់ប្តូរកាយ ផ្តើមកើតទុក្ខា
លំបាកកាយចិត្ត អាណិតអាត្មា មិនសមរៀបការ
ស្រលាញ់ប្តីក្មេង។
២១.បើជ្រើសយកប្តី សមកាយសមវ័យ មិនវក់វង្វេង
តណ្ហាដឹកមុខ រង់ទុក្ខប្តីក្មេង ដូចពីរោះភ្លេង
ផុតស្បើយគ្រាំគ្រា។
២២.រឿងពិតមានស្តែង ពុកមិនភូតថ្លែង ដូចលើកពណ៌នា
ពួកកូនចាំចុះ ស្រីប្រុសគ្រប់គ្នា យកប្តីភរិយា
គិតគូឲ្យច្បាស់។
២៣.រឿងមានរឿងក្រ ពេលខ្លះមិនល្អ ពិតលំបាកណាស់
យើងក្រគេមាន ចិត្តហ៊ានជាក់ច្បាស់ យើងក្រជួបប៉ះ
អាចរលាក់ដៃ។
២៤.ញាតិគេមើលងាយ សើចយំពេកជ្រាយ រស់នៅយ៉ាប់ក្រៃ
ត្រូវមើលទឹកមុខ រងទុក្ខរាល់ថ្ងៃ សាច់គេបើកដៃ
យើងយ៉ាប់ចិត្តប្រាណ។
២៥.បើប្តីប្រពន្ធ ចេះគិតគូគន់ ផុតមាររំខាន
អាចយ៉ាប់ផ្លូវចិត្ត យើងពិតពីរប្រាណ រស់នៅសុខសាន្ត
ត្រូវយោគយល់គ្នា។
២៦.វណ្ណ:ទាបខ្ពស់ ពិតអាចរងគ្រោះ ដូចមិត្តនិងមារ
របៀបរស់នៅ មិនត្រូវខុសគ្នា ស្វាមីភរិយា
អាចកើតបញ្ហា។
២៧.បើគូជីវិត ទាំងពីរចេះគិត ចេះរៀបកិរិយា
មារយាទថ្លៃថ្នូរ គង់ប្តូរវាសនា សុខសាន្តគ្រួសារ
មានក្រមិនអី។
២៨.ព្រោះរឿងមានក្រ ដូចខ្មៅនិងស ស្នេហាប្រុសស្រី
ស្រលាញ់ងប់ងល់ ដូចពុលចំណី លះបង់មិនភ័យ
ភ្លេចគិតវែងឆ្ងាយ។
២៩.សម័យសព្វថ្ងៃ រកលុយយ៉ាប់ក្រៃ ទប់ទល់ចំណាយ
បើយ៉ាប់ញាតិម្ខាង ហេងហាងនឹកស្តាយ ជឿឪពុកម្តាយ
អាចស្រួលជាងហ្នឹង។
៣០.បើចង់រកស៊ី ញាតិមានទាំងពីរ អាចមានលំនឹង
ឬក្រទាំងអស់ គ្មានសោះចិត្តខឹង ក្រមានបែបហ្នឹង
ម្ខាងអាចអន់ចិត្ត។
៣១.ញាតិម្ខាងប្រឹងជួយ ម្ខាងក្រខ្សត់ព្រួយ អាចខ្មាស់អៀនពិត
តែខ្លះមិនខ្វល់ មិនឆ្ងល់ជួយគិត ក្រឥតគំនិត
យ៉ាប់ប្រពន្ធប្តី។
៣២.ម្ខាងឆ្លាតម្ខាងល្ងង់ ដូចមូសនិងមុង ដូចទឹកនិងត្រី
បើចេះស្តាប់គ្នា ពិតជាមិនអី ប្រពន្ធនិងប្តី
ពិតអាចសុខសាន្ត។
៣៣.តែមានគូខ្លះ ល្ងង់ឆ្លាតជាក់ច្បាស់ រស់សុខមិនបាន
មិនចេះស្តាប់គ្នា ធ្វើមារចិត្តប្រាណ ឈ្លោះទាស់ឥតស្រាន្ត
ស្រាកស្បើយបញ្ហា។
៣៤.អាងក្មេងអាងចាស់ អាងច្រើនខុសច្បាស់ អាងឥតបានការ
អាងមានអាងក្រ បង្កបញ្ហា ឈ្លោះក្នុងគ្រួសារ
ឥតចំណេញឡើយ។
៣៥.បើព្រមយកគ្នា ត្រូវគិតគ្រប់គ្រា ខុសត្រូវមុខក្រោយ
កុំចាប់កំហុស ត្រូវខុសក៏ដោយ ណែនាំប្រាប់ហើិយ
ត្រូវចេះតាមគ្នា។
៣៦.កុំរឹងមានះ ចង់យកចាញ់ឈ្នះ មិត្តក្លាយជាមារ
លែងដឹងខុសត្រូវ សត្រូវឈ្លោះគ្នា ពិតមិនល្អជា
ធ្វើប្រពន្ធប្តី។
៣៧.នាមប្តីប្រពន្ធ ត្រូវចេះអត់ធន់ សណ្តោសប្រណី
យោគយល់ស្តាប់គ្នា ពិតជាប្រពៃ កើតលាភសិរី
សោយសុខមង្គល។
៣៨.បើទ្រាំមិនបាន ឈ្លោះទាស់រំខាន កុំងោះងងល់
ខឹងបានឆាប់បាត់ កំចាត់អំពល់ ចេះគិតយោគយល់
ស្នេហាគ្រាដើម។
៣៩.តស៊ូគ្រប់យ៉ាង ទើបមានសំណាង រៀបការចាប់ផ្តើម
រហូតសព្វថ្ងៃ អាល័យចុងដើម ប្រុសស្រីស្រស់ឆ្នើម
កុំងាយបែកគ្នា។
៤០.ពិតជានិស្ស័យ កាមទេពដឹកដៃ ស្វាមីភរិយា
ត្រូវប្រឹងរក្សា បង្ការឈ្លោះគ្នា ស្តាយពេលវេលា
អានុស្សាវរីយ៍។
៤១.ពិតណាស់ស្នេហា អំណាចអស្ចារ្យ នៅលើបឋវី
ភ្នែកអាចងងឹត ក្នុងចិត្តវក់វី គិតគ្រប់នាទី
រលឹករកគ្នា។
៤២.ទោះញាតិឃើញខុស ប្រឹងប្រាប់ស្រីប្រុស មិនខ្វល់នឹកនា
ច្រើនភ្លេចហេតុផល ព្រួយខ្វល់គ្រាំគ្រា មានះទាមទា
ចាប់យកឲ្យបាន។
៤៣.ស្នេហាប្រុសស្រី ឈឺចាប់ហួសស្តី ផ្អែមហួសការស្មាន
ដូចចានក្នុងរាវ ទុំទាវពីរប្រាណ ចិត្តទប់មិនបាន
ចុងក្រោយសោកា។
៤៤.ស្នេហាមិនខុស គឺចិត្តស្រីប្រុស ទាមទាប្រាថ្នា
គ្រាន់តែពុកផ្តាំ ត្រូវចាំផងណា មុនយកគ្រួសារ
គិតឲ្យបានឆ្ងាយ។
៤៥.កុំតាមចិត្តចង់ កេរ្តិ៍ខ្មាសបាត់បង់ ភ្លេចគិតអន្តរាយ
ថ្ងៃមុខថ្ងៃក្រោយ នាំឲ្យនឹកស្តាយ មិនខុសពុកម្តាយ
បើយកចិត្តឯង។
៤៦.ទោះចាប់គូខុស កូនស្រីកូនប្រុស ត្រូវចេះកោតក្រែង
អាណិតចៅកូន ជិះក្បូនចម្បែង ស្នេហាខ្លួនឯង
ទើបមានពួកវា។
៤៧.ក្មេងឥតកំហុស កូនកើតស្រីប្រុស ពិតមិនមែនមារ
អ្នកខ្លះអត់កូន ចង់សូន្យជន្មា ប្រឹងស្វែងរកវា
មិនបានជួបផង។
៤៨.សប្បាយខ្លួនឯង ដល់ព្រួយចម្បែង សោកស្តាយសៅហ្មង
ដាក់កំហុសក្មេង វង្វេងកន្លង ខុសធម៌ច្បាប់ផង
ពិតមិនប្រពៃ។
៤៩.ត្រូវមានមេត្តា ចិត្តយល់ច្បាស់ការណ៍ អាណិតប្រណី
កូនចៅតូចធំ សូមកុំបំភ័យ បោះបង់គ្នាអី
ទទួលខុសត្រូវ។
៥០.នេះគឺចំណង អត់មានខ្សែចង នាមជាម៉ែឪ
ត្រូវចិញ្ចឹមកូន ធ្វើក្បូនឆ្លងទៅ ដល់ត្រើយកោះនៅ
មុខក្ស័យសង្ខារ។
៥១.ផលបុណ្យមានពិត រាល់រូបជីវិត រស់ក្នុងលោកា
កូនស្តាប់ម៉ែឪ ពិតត្រូវទេព្តា តាមគ្រងរក្សា
ឆ្ងាយសោកសៅហ្មង។
៥២.បាបបុណ្យតគ្នា នេះគឺកម្មពៀរ រង់ចាំតបស្នង
បើមិនជឿចិត្ត ពិនិត្យមើលផង ផលវាទ្វេដង
ម្ចាស់កម្មពិតបាន។
៥៣.មិនយ៉ាប់ជាតិនឹង បាបបុណ្យវាដឹង ពិតតាមរំខាន
ផលបានសោកព្រួយ រលួយចិត្តប្រាណ ជួនស្តែងសដាន
គេចមិនផុតឡើយ។
៥៤.ឪពុកខ្លួនចាស់ ក្តីស្លាប់ទៀងច្បាស់ គ្រាន់មុននឹងក្រោយ
សូមតែងទំនុក កាព្យទុកឲ្យហើយ ឃាត់មិនបានឡើយ
មជ្ចុមកដល់។
៥៥.ក្រែងបានប្រយោជន៍ មុនស្លាប់ជាខ្មោច កូនចៅបានផល
កូនណាអានគិត ជីវិតសុខសល់ ឆ្ងាយសោកកង្វល់
តិចច្រើនមិនខាន។
៥៦.ឪពុកអស់ចិត្ត ប្រាប់ផ្លូវគំនិត ដល់កូនគ្រប់ប្រាណ
ទុកដាក់កូនចៅ មើលផៅសន្តាន ក្រែងបានសុខសាន្ត
ក្នុងក្រុមគ្រួសារ។
៥៧.អត្ថបទខ្ញុំតែង គំនិតខ្លួនឯង សង្កេតសិក្សា
អប់រំផ្លូវចិត្ត ជីវិតអាត្មា ជៀសឆ្ងាយហិង្សា
ព្រួយអស់សង្ឃឹម។
៥៨.ខ្ញុំឃើញរាល់ថ្ងៃ បញ្ហាច្រើនក្រៃ ដូចភ្លៀងរលឹម
គ្រួសារតូចធំ សុខុមសង្ឃឹម ដូចខ្វះញញឺម
ដូចរូបខ្ញុំដែរ។
៥៩.តែងចង់ថ្ងៃសុក្រ ថ្ងៃសីលសុំសុខ បងប្អូនជាតិខ្មែរ
អ្នកមានអ្នកក្រ ខ្មៅសក្រុងស្រែ ក្រៅស្រុកផងដែរ
សុខសាន្តគ្រប់គ្នា។
៦០.ថ្ងៃបួនសីហា ដប់ប្រាំបីណា ពីរពាន់វេលា
នៅខេត្តស្ទឹងត្រែង កន្លែងកើតជា ចំរើននាមា
ត្រកូលខ្ញុំលីម៕

លីម ចំរើន ថ្ងៃសុក្រចំសីល ទី៤ ខែសីហា ឆ្នាំ២០១៨

Sent from my iPad

By កវី ស្ទឹងត្រែង

មនុស្សចង់ (បទបថ្យាវដ្ត)


មនុស្សចង់ (បទបថ្យាវដ្ត)
១. ជាតិជាមនុស្សចង់មិនបង់ត្រូវការ
ក្រមានដល់ណាប្រាថ្នាឥតឈប់
ក្មេងចាស់ប្រុសស្រីគ្រប់វ័យថ្ងៃយប់
ចិត្តចង់ងល់ងប់មិនទប់ចិន្តា។
២. រីឯមនុស្សជាគ្រប់គ្រារក្សា
អប់រំអាត្មាមិនតាមចិត្តចង់
ចង់ត្រូវរបៀបឫករៀបតម្រង់
មិនឲ្យខូចបង់ស្រោចស្រង់តម្លៃ។
៣. ចង់មានច្រើនយ៉ាងអួតអាងលុះក្ស័យ
ដូចឆ្កួតគ្មានថ្ងៃឃើញកំហុសខ្លួន
ចង់អួតចង់អាងកាងលើសច្បាប់ក្បួន
ចង់មិនសមសួននាំខ្លួនអាប់យស។
៤. បីដូចរូបខ្ញុំចិត្តធំត្រង់ហួស
ស្តីភ្លេចទាបខ្ពស់បង់យសអសារ
ខ្វះអ្នករាប់រកទៅមកចចារ
រស់សែនឯកាព្រោះចង់ស្តីពិត។

លីម ចំរើន

១៧. ០៦. ២០១៨

By កវី ស្ទឹងត្រែង

ចានក្រឡូម (បទព្រហ្មគីតិ)


(បទព្រហ្មគីតិ)

១. ចានក្រឡូមប្រេះបែក
ចង់បោកហែកតែចិត្តស្តាយ
មិនខ្វះលុយចំណាយ
ស្រណោះកាយធ្លាប់កាន់ប្រើ។
២. ទិញថ្មីពិតជាបាន
សម្បត្តិចានក្រឡូមតើ
ម្តេចចិត្តមិនប្រសើរ
ទុកគ្រាន់ប្រើគ្រាត្រូវការ។
៣. ព្រោះចិត្តស្រណោះវា
ធ្លាប់ជុំគ្នាហូបអាហារ
ស្លាបព្រាចានកែវកា
ពេលត្រូវការប្រយោជន៍ក្រៃ។
៤. មិនចង់ដល់ថ្ងៃក្រោយ
ចិត្តសោកសោយគិតអាល័យ
មិនគួរបោកចានថ្លៃ
ដោយសារដៃឯងអាត្មា។
៥. ស៊ូទ្រាំគ្រាំដួងចិត្ត
ត្រឹមអាណិតចិត្តសោកា
មើលចានបែកកាយា
តាមយថាកម្មទៅចុះ៕

លីម ចំរើន
១ ៩. ០៦. ២០១៨

By កវី ស្ទឹងត្រែង

ជីវិតគ្រួសារ (បទកាកគតិ)


១-ជីវិតគ្រួសារ ខុសពីសង្សារ គឺប្រពន្ធប្តី
មិនថាស្រីប្រុស ឬខុសភេទក្តី ក្មេងចាស់គ្រប់វ័យ
ព្រមស្រលាញ់គ្នា។
២-គិតអោយបានច្បាស់ មិនថាក្មេងចាស់ កុំធ្វើចិត្តមារ
បើយកគ្នាហើយ កុំឡើយបំពារ បំពានដាក់គ្នា
បំផ្លាញគ្រួសារ។
៣-ត្រូវមានចិត្តស្មោះ បំពេញចន្លោះ ខុសត្រូវមេត្តា
ចេះយោគចេះយល់ រវល់កិច្ចការ កុំប្រកាន់ថា
ការងារប្រុសស្រី។
៤-តម្លៃដូចគ្នា រកសីុការងារ ច្រើនឬតិចក្តី
ប្តីនិងប្រពន្ធ ទ្រាំធ្ងន់សម្តី លើសខ្វះទាស់ស្តី
ហាមគុំស្អប់គ្នា។
៥-កុំខ្លាចថោកថ្លៃ រស់នៅរាល់ថ្ងៃ ត្រូវប្រឹងពុះពារ
ប្រឹងប្រែងរកសីុ នាទីការងារ ខឹងឈ្លោះទាស់គ្នា
ខូចខាតទាំងអស់។
៦-ខូចចិត្តខូចកាយ ខូចហួសបកស្រាយ គិតសែនស្រណោះ
ខូចខាតវេលា ឈ្លោះគ្នាបង់អស់ យសទ្រព្យកៀនកោះ
ចង់ឈ្នះចង់ចាញ់។
៧-ម្តេចក៏មិនគិត រឿងស្នេហ៍អតិត កាលវក់ស្រលាញ់
លំបាកប៉ុណ្ណា ខ្លោចផ្សាក្នក់ក្នាញ់ ពុះពារមិនចាញ់
ទើបបានរៀបការ។
៨-មានកូនអត់កូន កុំល្ងង់ល្ងិតសូន្យ បំផ្លាញគ្រួសារ
ឆ្កួតស្រាស្រីល្បែង យល់ឯងអស្ចារ្យ ចុងក្រោយសោកា
ទទួលទាំងពីរ។
៩-ប្រពន្ធប្តីយើង ខុសទឹកនិងភ្លើង ខុសឆ្កែឈ្មោលញី
គឺជាមនុស្ស ត្រូវលុះសំភី គិតគ្រប់នាទី
ប្រឹងសាងសិរី។
១០-ជីវិតគ្រួសារ ប្រពៃថ្លៃថ្លា ធ្វើប្រពន្ធប្តី
ទោះមានឬក្រ បន្តភក្តី កុំឈ្លោះទាស់អី
ទើបកើតមង្គល។

ខ្ញុំតែងកំណាព្យនេះឡើងមិនមែនចង់អួតថាគ្រួសារខ្ញុំល្អប្រពៃទេ តែងចង់តែងឡើងដើម្បីលួងចិត្តខ្លួនឯងទេ កុំអោយពូកែឈ្លោះគ្នាពេក។ គ្មានបានប្រយោជន៍ទេខាតតែវេលានិងកិត្តិយសគិតអំពីអារម្មណ៍កុំលែងលះគ្នាងាយពេកលំបាក់ណាស់ទម្រាំដើរដល់ត្រឹមនេះ តស៊ូទៅមុខទៀត មិនដើម្បីខ្លួនឯងក៏បានសុំតែដើម្បីមនុស្សដែលយើងកំពុងស្រលាញ់និងបារម្មណ៍ នោះគឺកូនចៅយើង ដែរពួកគេមិនទាន់ដឹងអីបានកើតមកនៅជាមួយយើងនេះហើយតើអោយគេទៅពឹងនរណា?ម្តេចយើងធ្វើជាមនុស្សគ្មានទំនួសខុសត្រូវ។(បើប្រពន្ធប្តីយើងជេរគ្នាថាឆ្កែឬថោទាប អ្នកជេរនោះក៏ដូចគ្នាដែរកុំបាច់ជេរតបព្រោះរស់នៅជាមួយគ្នាទេ បើបានជ្រុលលែងលះគ្នាហើយទុកមុខរាប់គ្នាផង)(ពៀររំងាយដោយការមិនចងពៀរ)
សូមបីសត្វវាក៏មានទំនយលខុសត្រូវចំពោះកូនៗរបស់វាដែរ ចុះយើងវិញហេតុអ្វីធ្វើមិនបាន? សមទេ?
ខ្ញុំសូមអរគុណមិត្តអ្នកអានព្យាយាមអានទាល់ចប់អត្ថបទមួយនេះ។

លីម ចំរើន
១២-០៦-២០១៨

By កវី ស្ទឹងត្រែង

ល្បើកកាយនិងក្រពះ


(បទព្រហ្មគីតិ)

១. ល្បើកកាយនិងក្រពះ ឈ្លោះចាញ់ឈ្នះល្បីសើចយំ

សាយសុសគ្រប់និគម ញាតិមកជុំវិភាគន័យ។

២. បញ្ហានៃជម្លោះ កើតក៏ព្រោះកាយអប្រិយ

ប្រព្រឹត្តមិនគប្បី ជួននាំក្តីក្តៅក្រហាយ។

៣. កាយដណ្តើមយកត្រូវ ក្រពះនៅមិនសប្បាយ

រងពាក្យដៀលនៃកាយ រឿងទាំងឡាយខុសក្រពះ។

៤. កាយខុសខូចទាំងអស់ ធ្វើមិនស្មោះក្បត់ធម៌ព្រះ

ទុច្ចរិតធ្វើយកឈ្នះ ចោទក្រពះព្រោះវាឃ្លាន។

៥. ក្រពះមិនអស់ចិត្ត មិនប្រព្រឹត្តកាយបំពាន

ចោទខុសថាខ្លួនឃ្លាន ទើបកាយហ៊ានបំពេញអោយ។

៦. ក្រពះមិនដឹងអី កាយអ្នកឆីញាត់មុនក្រោយ

ខុសត្រូវមិនដឹងឡើយ ដាក់មកហើយចេះតែកិន។

៧. ទោះទន់.រឹង.ក្តៅ.ផ្សា ល្វិញបែបណាមិនទុកសិន

ឈឺចាប់ត្រូវតែកិន ឆៅឬឆ្អិនបែងជីវជាតិ។

៨. ផ្តល់កំលាំងដល់កាយ សើចសប្បាយជុំមិត្តញាតិ

ការងារមិនឃ្លៀងឃ្លាត កាយជួជាតិខុសក្រពះ។

៩. ឈ្លោះគ្នាខ្លាំងអស្ចារ្យ ផ្អើលទេព្តាដឹងដល់ព្រះ

មិនចាញ់និងមិនឈ្នះ មិនប្រឹងលះខឹងទោសា។

១០. គាប់ជួននៅគ្រានោះ ឃើញចិត្តមនុស្សមកពីណា

ហៅមកកាត់ក្តីថា ឈ្លោះតវ៉ារកខុសត្រូវ។

១១. ចិត្តគេចភ្លេចមិនបាន ក្រពះច្រានកាយឃាត់នៅ

អោយចិត្តជួយផងទៅ រកខុសត្រូវដឹង.ស.ខ្មៅ។

១២. កាយ.ខុសខូចរាល់ដង ក្រពះចងនាំកាយខ្លៅ

ឬនរណានាំក្តៅ? ទើបញាតិផៅដៀលរូបកាយ។

១៣. ចិត្តដឹងយល់រឿងស្តែង ប្រឹងបង្វែងក្លែងបកស្រាយ

ថាក្រពះនិងកាយ នាំអន្តរាយអ្នកខុសពិត។

១៤. ប្រឹងបាំងគ្រប់ទង្វើ ចិត្តនាំធ្វើរឿងទុច្ចរិត

អាក្រក់ល្អច្រើនពិត ធំលើចិត្តនាំទាំងអស់។

១៥. ឯកាយនិងក្រពះ ពិតមិនឈ្នះចិត្តឡើយសោះ

ទេព្តា.ព្រះយល់អស់ ចិត្តមិនស្មោះមិនដោះស្រាយ។

១៦. ក៏បានអោយឥសី មានបារមីបង្ហាញកាយ

ជួយកាត់ក្តីបកស្រាយ មិនអោយឆ្ងាយឈ្លោះគ្នាយល់។

១៧. លើកគ្រប់ហេតុផលអាង ជាតឹកតាងឫសដើមគល់

ការពិតចិត្តអ្នកយល់ នាំអំពុលចិត្តអ្នកខុស។

១៨. ម្យ៉ាងបើចិត្តប្រពៃ បាបបុណ្យភ័យទាំងស្រីប្រុស

ក្រពះ.កាយមិនខុស មិនល្បីសុសខូចយសឡើយ។

១៩. ជម្លោះគ្រប់បញ្ហា គ្មានឡើយណាដែលនាំអោយ

ក្រពះ.កាយស្តាយក្រោយ មិនគួរឡើយប្រឹងឈ្លោះគ្នា។

២០. រឿងគ្រប់សព្វបែបយ៉ាង ចិត្តនាំសាងចងកម្មពៀរ

ទុច្ចរិតធ្វើបំពារ បំពានគ្នាគ្មានថ្ងៃចប់។

២១. កាយ.ក្រពះយល់ជាក់ ឈប់ល្ងង់ធ្លាក់ឈ្លោះគ្នាឡប់

បែកបាក់សាមគ្គីស្អប់ ប្រែត្រឡប់អប់រំចិត្ត។

២២. មិនអោយភ្លេចភ្លាំងភ្លាត់ ក្រពះឃាត់កាយមិនស្និទ្ធ

ធ្វើខុសតាមចិត្តគិត នាំជីវិតពិតឆ្ងាយព្រួយ។

២៣. ក្រពះ.ចិត្តនិងកាយ សាច់មិនឆ្ងាយពិតតែមួយ

ប្រឹងអប់រំចិត្តជួយ ជាក់អស់ព្រួយរស់សុខសាន្ត។

២៤. ពួកគេយល់ការពិត ឥសីឫទ្ធរលាយប្រាណ

យល់រឿងគ្មានសល់ដាន ខ្វល់រំខានមិនមានឡើយ។

២៥. អ្នកខុសគឺជាចិត្ត អ្នកប្រពឹត្តកាយនេះហើយ

ក្រពះមិនខុសឡើយ ចង់សុខសោយឈ្នះដួងចិត្ត។

លីម ចំរើន តែងថ្ងៃ ០៨/១១/២០១៧

By កវី ស្ទឹងត្រែង

ពាក្យពិតរែងស្លែង


ពាក្យពិតរែងស្លែង
បទពាក្យ៧

១ ពាក្យពិតរែងស្លែងតែងទ្រគោះ
ជួនមិនពិរោះដូចសសើរ
អ្នកតូចអ្នកធំខ្លះហៃអើ
គេបានសសើរថាយល់ការណ៍។
២ ឯខ្ញុំត្រង់ស្មោះអស់តម្លៃ
គេចោទចង្រៃអត់បានការ
ខុសគេតែឯងនាំបញ្ហា
រកល្បិចចាត់ការកម្ចាត់ចោល។
៣ នេះឬជីវិតជនគំរូ
ប្រឹងប្រែងតស៊ូរស់តែលតោល
ភិតភ័យគ្រប់គ្រាងារដូចចោរ
ឬដូចស្រមោលរំខានគេ។
៤ យុត្តិធម៌មានទេក្នុងសង្គម
គេសើចខ្ញុំយំខ្លះព្រួតជេរ
ខ្ញុំបង់គំនិតគិតជួយគេ
អ្នកខ្លះចិត្តរេរបំផ្លាញវិញ៕

លីម ចំរើន
១៨ ០២ ២០១៧

By កវី ស្ទឹងត្រែង

កំហុសខ្ញុំឬឈឺចិត្តលែងប្រុស


(បទ ពាក្យ៨ទំនើប)
១.    គេងយោលអង្រឹងសម្លឹងស្តាប់សូរ    ទឹកកំពុងហូរថ្ងូរដូចអួលអាក់
នាំខ្ញុំអាល័យថ្ងៃស្នេហ៍បែកបាក់    កាលក្រប្តីស្ម័គ្រដាក់ចិត្តភក្តី។
២.    កំហុសខ្ញុំឬឈឺចិត្តលែងប្រុស    ប្តីប្រព្រឹត្តិខុសដុះចិត្តអប្រិយ
ភ្លេចប្រពន្ធកូនសូន្យហ៊ានមានថ្មី    ចោលកូនប្រុសស្រីឥតក្តីមេត្តា។
៣.    បងចោលអូនទៅនៅសល់បំណុល    អូនសងដោះបុល អេ.ស៊ី.លី.ដា
ចោលកូនក្នុងផ្ទៃបីខែផងណា    រស់ព្រាត់បិតាមាតាសៅហ្មង។
៤.    ឱ! ភូមិ ផាបាំង,ថ្មបាំងស័ក្តិសិទ្ធ    សច្ចំមានឫទ្ធអាណិតខ្ញុំផង
ជួយរំដោះទុក្ខនៅមុខហែលឆ្លង    បានជួបស្នេហ៍ស្នងប៉ងសមប្រាថ្នា។
៥.    កូនប្រុសកូនស្រីផុតភ័យទាំងឡាយ    រស់បានសប្បាយកាយចិត្តស្រស់ថ្លា
ឆ្ងាយពាក្យគ្រោតគ្រាតញាតិធ្លាប់ដៀលថា    ប្រែមានគ្រួសារសុខាមង្គល។

លីម ចំរើន តែងនៅថ្ងៃទី១៧.០៦.២០១៤  (ម៉ោង ០១ៈ៥០នាទី រំលងអធ្រាត្រ)
ចំរៀងមួយបទនេះជូនចំពោះ បងស្រី រស់  ស្រីមុំ ទុកជាអនុស្សាវរីយ៍

By កវី ស្ទឹងត្រែង

ស្អាតក្នុងក្រៅ


 

(បទក្របចក្រវាឡមេពាក្យ១២ថ្មី)

១.  មុខក្រៅល្អសស្អាតពិតចិត្តក្នុងក្តៅខ្លៅភ្លេចអស់        ប៉ិនស្តីស្តោះបោះវាចាថាអាក្រក់ល្អក់គួរស្អប់          ឱបទោសៈចាក់ជាប់ចិត្តស្អិតមិនខ្អើមជ្រើមឆ្កួតឡប់      ខន្តីខ្ចប់កប់ភ្លេចឈឹងរឹងមានះឈ្នះប្រែមារ។

២.ឃ្លាតក្តីសុខចុកចាប់ចិត្តគិតមិនស្វាងសាងរឿងខុស ចងចាំចុះប្រុសស្រីអើយឈ្លើយបំផុតស្លុតគ្រប់គ្នា

ញាតិមិនក្បែរប្រែឈប់ស្និទ្ធពិតដូចមុនធ្ងន់គ្រាំគ្រា     ចិត្តវេទនាជាប្រាកដបទខុសខឹងរឹងឥតក្រែង។

៣.បើថែមុខទុកឲ្យស្អាតឆ្លាតត្រូវប្រឹងដឹងជាមុន            ចិត្តត្រូវធ្ងន់ធន់អំណត់អត់ទោសៈដាក់គេឯង

ស្អាតក្នុងក្រៅខ្លៅកំចាត់បាត់ចិត្តខឹងប្រឹងជាក់ស្តែង    ចិត្តខែងរែងតែងខន្តីស្តីតោងគិតចិត្តអភ័យ។

៤.  ឈប់វង្វេងឃ្លេងឃ្លោងចិត្តស្អិតទោសៈដាក់អ្នកផង   រឿងសៅហ្មងឆ្លងពិតផុតដុតមិនឆេះចេះខន្តី

ឈ្នះគ្រប់គ្រឿងរឿងនាំទុក្ខមុខមិនក្បែរប្រែពរជ័យ    ជោគសិរីស្រីប្រុសបានប្រាណសុខសោយឲ្យមង្គល។

 

លីម ចំរើន ០៨.០៦.២០១៤

By កវី ស្ទឹងត្រែង

កុំវង្វេងកាមគុណ


(បទ ព្រហ្មគីតិ)
១. កុំវង្វេងកាមគុណ ក្រែងទុក្ខធ្ងន់រើពុំ រួចដូចក្បូនត្រូវខ្យល់កួច ដូចគំនួចចងយ៉ាប់ស្រាយ។
២. ពិតជាក្តីសុខហើយ ឥតកោះត្រើយចិត្តសប្បាយ ចុងក្រោយអាចខ្វល់ខ្វាយ បើផុងកាយគិតមិនទាន់។
៣. ដូចទាញធ្លាក់ជ្រោះជ្រៅ ប្រុសស្រីនៅព្រួយពាក់ព័ន្ធ អសោចកេរ្តិ៍ឮលាន់ ព្រោះយល់ភាន់ឆីចិត្តហ៊ាន។
៤. រឿងមានច្រើនពេកកូវ ចុះផ្សាយនៅក្នុងព័ត៌មាន បម្រាមហាមព្រមាន កុំឲ្យហ៊ានប្រព្រឹត្តខុស។
៥. ធ្វើបានពិតសិរី ជនប្រុសស្រីកុំណេះណោះ លួចឆីប្រព្រឹត្តខុស ប្រឹងដាំដុះខុសក្នុងកាម។
៦. ជីវិតនិងគ្រួសារ ពិតសុខាមិនអាចហាម មង្គលរត់ដេញតាម យើងអាចច្បាមយកគ្រប់គ្រា។
លីម ចំរើន ១២.០៦.២០១៤

By កវី ស្ទឹងត្រែង

ខ្ញុំឆ្កួតក្នុងកាម


(បទ ពាក្យ៨ទំនើប)

១.    ខ្ញុំឆ្កួតក្នុងកាមចិត្តហាមមិនស្តាប់                   កាយរស់ចិត្តស្លាប់វិលវល់វង្វេង

សប្បាយស្រីសា្រសាវាវក់លេង                   ថោកជាងពួកក្មេងភ្លេចខ្លួនឯងចាស់។

២.    កូនប្រុសកូនស្រីពេញវ័យតូចធំ                   ប្រពន្ធក៏សុំខ្ញុំនៅតែផ្តាស់

បង់កិត្តិយសកេរ្តិ៍ឈ្មោះប្រែផ្លាស់                  កើនតែកាមក្រាស់ច្បាស់នៅក្នុងចិត្ត។

៣.   យល់សថាខ្មៅខ្ញុំខ្លៅមិនយល់                      កាមជាគ្រឿងពុលបំផ្លាញជីវិត

បើសប្បាយឆីគ្រប់វ័យមិនគិត                      ទោះរៀនបណ្ឌិតគំនិតក៏សូន្យ។

៤.    មានតែផ្លូវមួយជួយខ្ញុំដោះទុក្ខ                      ថ្ងៃនេះថ្ងៃមុខទុកធៀបដូចក្បូន

គឺអប់រំចិត្តពិតកុំឲ្យសូន្យ                              គិតប្រពន្ធកូនទើបជួបមង្គល។

 

លីម ចំរើន

១៥.០៥.២០១៤

By កវី ស្ទឹងត្រែង