ល្បើកកាយនិងក្រពះ


(បទព្រហ្មគីតិ)

១. ល្បើកកាយនិងក្រពះ ឈ្លោះចាញ់ឈ្នះល្បីសើចយំ

សាយសុសគ្រប់និគម ញាតិមកជុំវិភាគន័យ។

២. បញ្ហានៃជម្លោះ កើតក៏ព្រោះកាយអប្រិយ

ប្រព្រឹត្តមិនគប្បី ជួននាំក្តីក្តៅក្រហាយ។

៣. កាយដណ្តើមយកត្រូវ ក្រពះនៅមិនសប្បាយ

រងពាក្យដៀលនៃកាយ រឿងទាំងឡាយខុសក្រពះ។

៤. កាយខុសខូចទាំងអស់ ធ្វើមិនស្មោះក្បត់ធម៌ព្រះ

ទុច្ចរិតធ្វើយកឈ្នះ ចោទក្រពះព្រោះវាឃ្លាន។

៥. ក្រពះមិនអស់ចិត្ត មិនប្រព្រឹត្តកាយបំពាន

ចោទខុសថាខ្លួនឃ្លាន ទើបកាយហ៊ានបំពេញអោយ។

៦. ក្រពះមិនដឹងអី កាយអ្នកឆីញាត់មុនក្រោយ

ខុសត្រូវមិនដឹងឡើយ ដាក់មកហើយចេះតែកិន។

៧. ទោះទន់.រឹង.ក្តៅ.ផ្សា ល្វិញបែបណាមិនទុកសិន

ឈឺចាប់ត្រូវតែកិន ឆៅឬឆ្អិនបែងជីវជាតិ។

៨. ផ្តល់កំលាំងដល់កាយ សើចសប្បាយជុំមិត្តញាតិ

ការងារមិនឃ្លៀងឃ្លាត កាយជួជាតិខុសក្រពះ។

៩. ឈ្លោះគ្នាខ្លាំងអស្ចារ្យ ផ្អើលទេព្តាដឹងដល់ព្រះ

មិនចាញ់និងមិនឈ្នះ មិនប្រឹងលះខឹងទោសា។

១០. គាប់ជួននៅគ្រានោះ ឃើញចិត្តមនុស្សមកពីណា

ហៅមកកាត់ក្តីថា ឈ្លោះតវ៉ារកខុសត្រូវ។

១១. ចិត្តគេចភ្លេចមិនបាន ក្រពះច្រានកាយឃាត់នៅ

អោយចិត្តជួយផងទៅ រកខុសត្រូវដឹង.ស.ខ្មៅ។

១២. កាយ.ខុសខូចរាល់ដង ក្រពះចងនាំកាយខ្លៅ

ឬនរណានាំក្តៅ? ទើបញាតិផៅដៀលរូបកាយ។

១៣. ចិត្តដឹងយល់រឿងស្តែង ប្រឹងបង្វែងក្លែងបកស្រាយ

ថាក្រពះនិងកាយ នាំអន្តរាយអ្នកខុសពិត។

១៤. ប្រឹងបាំងគ្រប់ទង្វើ ចិត្តនាំធ្វើរឿងទុច្ចរិត

អាក្រក់ល្អច្រើនពិត ធំលើចិត្តនាំទាំងអស់។

១៥. ឯកាយនិងក្រពះ ពិតមិនឈ្នះចិត្តឡើយសោះ

ទេព្តា.ព្រះយល់អស់ ចិត្តមិនស្មោះមិនដោះស្រាយ។

១៦. ក៏បានអោយឥសី មានបារមីបង្ហាញកាយ

ជួយកាត់ក្តីបកស្រាយ មិនអោយឆ្ងាយឈ្លោះគ្នាយល់។

១៧. លើកគ្រប់ហេតុផលអាង ជាតឹកតាងឫសដើមគល់

ការពិតចិត្តអ្នកយល់ នាំអំពុលចិត្តអ្នកខុស។

១៨. ម្យ៉ាងបើចិត្តប្រពៃ បាបបុណ្យភ័យទាំងស្រីប្រុស

ក្រពះ.កាយមិនខុស មិនល្បីសុសខូចយសឡើយ។

១៩. ជម្លោះគ្រប់បញ្ហា គ្មានឡើយណាដែលនាំអោយ

ក្រពះ.កាយស្តាយក្រោយ មិនគួរឡើយប្រឹងឈ្លោះគ្នា។

២០. រឿងគ្រប់សព្វបែបយ៉ាង ចិត្តនាំសាងចងកម្មពៀរ

ទុច្ចរិតធ្វើបំពារ បំពានគ្នាគ្មានថ្ងៃចប់។

២១. កាយ.ក្រពះយល់ជាក់ ឈប់ល្ងង់ធ្លាក់ឈ្លោះគ្នាឡប់

បែកបាក់សាមគ្គីស្អប់ ប្រែត្រឡប់អប់រំចិត្ត។

២២. មិនអោយភ្លេចភ្លាំងភ្លាត់ ក្រពះឃាត់កាយមិនស្និទ្ធ

ធ្វើខុសតាមចិត្តគិត នាំជីវិតពិតឆ្ងាយព្រួយ។

២៣. ក្រពះ.ចិត្តនិងកាយ សាច់មិនឆ្ងាយពិតតែមួយ

ប្រឹងអប់រំចិត្តជួយ ជាក់អស់ព្រួយរស់សុខសាន្ត។

២៤. ពួកគេយល់ការពិត ឥសីឫទ្ធរលាយប្រាណ

យល់រឿងគ្មានសល់ដាន ខ្វល់រំខានមិនមានឡើយ។

២៥. អ្នកខុសគឺជាចិត្ត អ្នកប្រពឹត្តកាយនេះហើយ

ក្រពះមិនខុសឡើយ ចង់សុខសោយឈ្នះដួងចិត្ត។

លីម ចំរើន តែងថ្ងៃ ០៨/១១/២០១៧

Advertisements
By កវីស្រី លីម លក្ស្មី

ពាក្យពិតរែងស្លែង


ពាក្យពិតរែងស្លែង
បទពាក្យ៧

១ ពាក្យពិតរែងស្លែងតែងទ្រគោះ
ជួនមិនពិរោះដូចសសើរ
អ្នកតូចអ្នកធំខ្លះហៃអើ
គេបានសសើរថាយល់ការណ៍។
២ ឯខ្ញុំត្រង់ស្មោះអស់តម្លៃ
គេចោទចង្រៃអត់បានការ
ខុសគេតែឯងនាំបញ្ហា
រកល្បិចចាត់ការកម្ចាត់ចោល។
៣ នេះឬជីវិតជនគំរូ
ប្រឹងប្រែងតស៊ូរស់តែលតោល
ភិតភ័យគ្រប់គ្រាងារដូចចោរ
ឬដូចស្រមោលរំខានគេ។
៤ យុត្តិធម៌មានទេក្នុងសង្គម
គេសើចខ្ញុំយំខ្លះព្រួតជេរ
ខ្ញុំបង់គំនិតគិតជួយគេ
អ្នកខ្លះចិត្តរេរបំផ្លាញវិញ៕

លីម ចំរើន
១៨ ០២ ២០១៧

By កវីស្រី លីម លក្ស្មី

កំហុសខ្ញុំឬឈឺចិត្តលែងប្រុស


(បទ ពាក្យ៨ទំនើប)
១.    គេងយោលអង្រឹងសម្លឹងស្តាប់សូរ    ទឹកកំពុងហូរថ្ងូរដូចអួលអាក់
នាំខ្ញុំអាល័យថ្ងៃស្នេហ៍បែកបាក់    កាលក្រប្តីស្ម័គ្រដាក់ចិត្តភក្តី។
២.    កំហុសខ្ញុំឬឈឺចិត្តលែងប្រុស    ប្តីប្រព្រឹត្តិខុសដុះចិត្តអប្រិយ
ភ្លេចប្រពន្ធកូនសូន្យហ៊ានមានថ្មី    ចោលកូនប្រុសស្រីឥតក្តីមេត្តា។
៣.    បងចោលអូនទៅនៅសល់បំណុល    អូនសងដោះបុល អេ.ស៊ី.លី.ដា
ចោលកូនក្នុងផ្ទៃបីខែផងណា    រស់ព្រាត់បិតាមាតាសៅហ្មង។
៤.    ឱ! ភូមិ ផាបាំង,ថ្មបាំងស័ក្តិសិទ្ធ    សច្ចំមានឫទ្ធអាណិតខ្ញុំផង
ជួយរំដោះទុក្ខនៅមុខហែលឆ្លង    បានជួបស្នេហ៍ស្នងប៉ងសមប្រាថ្នា។
៥.    កូនប្រុសកូនស្រីផុតភ័យទាំងឡាយ    រស់បានសប្បាយកាយចិត្តស្រស់ថ្លា
ឆ្ងាយពាក្យគ្រោតគ្រាតញាតិធ្លាប់ដៀលថា    ប្រែមានគ្រួសារសុខាមង្គល។

លីម ចំរើន តែងនៅថ្ងៃទី១៧.០៦.២០១៤  (ម៉ោង ០១ៈ៥០នាទី រំលងអធ្រាត្រ)
ចំរៀងមួយបទនេះជូនចំពោះ បងស្រី រស់  ស្រីមុំ ទុកជាអនុស្សាវរីយ៍

By កវីស្រី លីម លក្ស្មី

ស្អាតក្នុងក្រៅ


 

(បទក្របចក្រវាឡមេពាក្យ១២ថ្មី)

១.  មុខក្រៅល្អសស្អាតពិតចិត្តក្នុងក្តៅខ្លៅភ្លេចអស់        ប៉ិនស្តីស្តោះបោះវាចាថាអាក្រក់ល្អក់គួរស្អប់          ឱបទោសៈចាក់ជាប់ចិត្តស្អិតមិនខ្អើមជ្រើមឆ្កួតឡប់      ខន្តីខ្ចប់កប់ភ្លេចឈឹងរឹងមានះឈ្នះប្រែមារ។

២.ឃ្លាតក្តីសុខចុកចាប់ចិត្តគិតមិនស្វាងសាងរឿងខុស ចងចាំចុះប្រុសស្រីអើយឈ្លើយបំផុតស្លុតគ្រប់គ្នា

ញាតិមិនក្បែរប្រែឈប់ស្និទ្ធពិតដូចមុនធ្ងន់គ្រាំគ្រា     ចិត្តវេទនាជាប្រាកដបទខុសខឹងរឹងឥតក្រែង។

៣.បើថែមុខទុកឲ្យស្អាតឆ្លាតត្រូវប្រឹងដឹងជាមុន            ចិត្តត្រូវធ្ងន់ធន់អំណត់អត់ទោសៈដាក់គេឯង

ស្អាតក្នុងក្រៅខ្លៅកំចាត់បាត់ចិត្តខឹងប្រឹងជាក់ស្តែង    ចិត្តខែងរែងតែងខន្តីស្តីតោងគិតចិត្តអភ័យ។

៤.  ឈប់វង្វេងឃ្លេងឃ្លោងចិត្តស្អិតទោសៈដាក់អ្នកផង   រឿងសៅហ្មងឆ្លងពិតផុតដុតមិនឆេះចេះខន្តី

ឈ្នះគ្រប់គ្រឿងរឿងនាំទុក្ខមុខមិនក្បែរប្រែពរជ័យ    ជោគសិរីស្រីប្រុសបានប្រាណសុខសោយឲ្យមង្គល។

 

លីម ចំរើន ០៨.០៦.២០១៤

By កវីស្រី លីម លក្ស្មី

កុំវង្វេងកាមគុណ


(បទ ព្រហ្មគីតិ)
១. កុំវង្វេងកាមគុណ ក្រែងទុក្ខធ្ងន់រើពុំ រួចដូចក្បូនត្រូវខ្យល់កួច ដូចគំនួចចងយ៉ាប់ស្រាយ។
២. ពិតជាក្តីសុខហើយ ឥតកោះត្រើយចិត្តសប្បាយ ចុងក្រោយអាចខ្វល់ខ្វាយ បើផុងកាយគិតមិនទាន់។
៣. ដូចទាញធ្លាក់ជ្រោះជ្រៅ ប្រុសស្រីនៅព្រួយពាក់ព័ន្ធ អសោចកេរ្តិ៍ឮលាន់ ព្រោះយល់ភាន់ឆីចិត្តហ៊ាន។
៤. រឿងមានច្រើនពេកកូវ ចុះផ្សាយនៅក្នុងព័ត៌មាន បម្រាមហាមព្រមាន កុំឲ្យហ៊ានប្រព្រឹត្តខុស។
៥. ធ្វើបានពិតសិរី ជនប្រុសស្រីកុំណេះណោះ លួចឆីប្រព្រឹត្តខុស ប្រឹងដាំដុះខុសក្នុងកាម។
៦. ជីវិតនិងគ្រួសារ ពិតសុខាមិនអាចហាម មង្គលរត់ដេញតាម យើងអាចច្បាមយកគ្រប់គ្រា។
លីម ចំរើន ១២.០៦.២០១៤

By កវីស្រី លីម លក្ស្មី

ខ្ញុំឆ្កួតក្នុងកាម


(បទ ពាក្យ៨ទំនើប)

១.    ខ្ញុំឆ្កួតក្នុងកាមចិត្តហាមមិនស្តាប់                   កាយរស់ចិត្តស្លាប់វិលវល់វង្វេង

សប្បាយស្រីសា្រសាវាវក់លេង                   ថោកជាងពួកក្មេងភ្លេចខ្លួនឯងចាស់។

២.    កូនប្រុសកូនស្រីពេញវ័យតូចធំ                   ប្រពន្ធក៏សុំខ្ញុំនៅតែផ្តាស់

បង់កិត្តិយសកេរ្តិ៍ឈ្មោះប្រែផ្លាស់                  កើនតែកាមក្រាស់ច្បាស់នៅក្នុងចិត្ត។

៣.   យល់សថាខ្មៅខ្ញុំខ្លៅមិនយល់                      កាមជាគ្រឿងពុលបំផ្លាញជីវិត

បើសប្បាយឆីគ្រប់វ័យមិនគិត                      ទោះរៀនបណ្ឌិតគំនិតក៏សូន្យ។

៤.    មានតែផ្លូវមួយជួយខ្ញុំដោះទុក្ខ                      ថ្ងៃនេះថ្ងៃមុខទុកធៀបដូចក្បូន

គឺអប់រំចិត្តពិតកុំឲ្យសូន្យ                              គិតប្រពន្ធកូនទើបជួបមង្គល។

 

លីម ចំរើន

១៥.០៥.២០១៤

By កវីស្រី លីម លក្ស្មី

ប្តូរទឹកប្តូរដីស្រីប្តូរចរិត


(បទ ពាក្យ៨ទំនើប)

១.    ឱ!ខែរះអើយខ្នើតផុតរនោច                             ខុសចិត្តខ្ញុំខូចរនោចបាត់ខែ

បាត់ទាំងញញឹមសង្ឃឹមបានស្នេហ៍                   ឥលូវស្រីប្រែកែរកគូថ្មី។

២.    ចោលប្រុសជនបទកំសត់ឯកា                          ឃ្លាតទាំងវាចាឆ្លើយឆ្លងនិងស្រី

ស្រណោះទឹកហូរស្នូរយំសត្វរៃ   សោកទួញពេញព្រៃឮសែនស្រណោះ។

៣.   ប្តូរទឹកប្តូរដីស្រីប្តូរចរិត                                     ប្រុសបងលែងគិតអូនបំភ្លេចអស់

ឬព្រោះបងក្រស្រីល្អបង់បោះ                           ចិត្តបងស្នេហ៍ស្មោះអស់ចាញ់ដុល្លារ។

៤.    អូនអើយអូនស្រីគង់ស្រីភ្ញាក់ខ្លួន                       ថ្ងៃមួយជួបជួនស្ងួនយំសោកា

ដុល្លារអូនចាយឆ្ងាយហើយស្នេហា                   មេឃបងប្រែថ្លាជួបខែរះថ្មី។

 

លីម​ ចំរើន

១៥.០៥.២០១៤

By កវីស្រី លីម លក្ស្មី

ជីវិតក្តីសង្ឃឹម


(បទ ព្រហ្មគីតិ) ១. ជីវិតក្តីសង្ឃឹម ត្រូវញញឹមទល់ឧបសគ្គ ទុក្ខព្រួយសោកយ៉ាប់ចាក់ ដាក់ច្រវ៉ាក់ជាប់យើងបាន។ ២. បើខ្លាចបរាជ័យ ពិតអ្វីៗខូចហួសស្មាន ចិត្តត្រូវប្រឹងរុញច្រាន ស៊ូឲ្យបានទើបជួបផល។ ៣. បីដូចមេឃចង់ភ្លៀង គង់អាចវៀងផុតព្រោះខ្យល់ កំលាំងចិត្តគឺផល ព្រួយសោកសល់គង់រសាយ។ ៤. កុំបីខ្លាចបញ្ហា ត្រូវហានក្លាប្រឹងដោះស្រាយ ចិត្តរឹងឈ្នះជិតឆ្ងាយ គង់សប្បាយគ្រាចុងក្រោយ។ ៥. សំខាន់ថែជីវិត កំលាំងចិត្តមិនចាញ់ឡើយ ដូចយប់គង់ភ្លឺក្រោយ យើងនេះហើយគឺអ្នកឈ្នះ។ លីម ចំរើន ២៤.០៤.២០១៤

By កវីស្រី លីម លក្ស្មី

ខ្ញុំខឹងកូន


 

(បទក្របចក្រវាឡមេ១២ថ្មី)

១.  ខ្ញុំខឹងកូន​ សូន្យគំនិត​​ គិតតែវ៉ៃ ដៃខ្ញុំទះ                         ជើងទាត់លះ ព្រះប្រែមារ ជាបិសាច កាចឃោរឃៅ

គ្មានអាណិត ចិត្តអាសូរ ប្តូរចរិត ពិតជាឪ                     ភ្លេចខុសត្រូវ ទៅដូចឡប់ ខ្ចប់គុណធម៌ ញ័រទ្រូងក្តៅ។

២.  រៀនច្រើនឆ្កួត អួតឯងគ្រាន់ ជាន់ដានចាស់ ច្បាស់ក្រឡែត    ខឹងអត់ហេតុ ប្រេតក្នុងចិត្ត ស្អិតទោសៈ ដាក់កូនចៅ

ការតាំងចិត្ត ពិតពីមុន ធ្ងន់ប្រែស្រាល ដាលប្រែខ្លៅ      ចិត្តសោកសៅ ក្តៅគ្រាំគ្រា ជាកំណើត កើតទុក្ខឲ្យ។

៣.  បើមិនវ៉ៃ ក្រៃខ្លាចកូន សូន្យមារយាទ ឃ្លាតខុសផ្លូវ        ខឹងវ៉ៃទៅ ត្រូវដូចខុស ដុះព្រួយចិត្ត ពិតស្តាយក្រោយ

កូនឈឺកាយ ស្តាយក្នុងចិត្ត គិតទង្វើ ធ្វើជ្រុលហើយ     ម្ចាស់ថ្លៃអ្ហើយ ឲ្យខ្ញុំគិត ស្និទ្ធផ្លូវណា ថាផុតទុក្ខ។

៤.  រឿងពិតខ្ញុំ ធំជាគ្រោះ ព្រោះតែខឹង រឹងមិនទប់               ខឹងឆ្កួតងប់ លុបគុណធម៌ ស្គាល់ខ្មៅស ក្រពុលមុខ

សូមកុំត្រាប់ ច្បាប់ខ្ញុំហាម តាមមិនល្អ កកើតទុក្ខ          ដូចជាប់គុក ពុកត្រូវគិត ចិត្តមេត្តា អាសូរកូន។

 

-រឿងពិតខ្ញុំវ៉ៃកូនប្រុសរបស់ខ្ញុំឈ្មោះ  លីម ឧត្តមមុនី កាលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែមីនា ឆ្នាំ ២០១៤

 

លីម ចំរើន ២៨.០៣.២០១៤

By កវីស្រី លីម លក្ស្មី

ដើមចេក


(បទព្រហ្មគីតិ)

១.   ដើមចេកអើយដើមចេក           អ្នកល្អពេកដើមធាងស្លឹក

ផ្លែថ្លោសស្និតច្រើនញឹក           ព្រោះត្រូវទឹកដីជីល្អ។

២.   ដើមខ្លះអំនួតកាយ                  ចិត្តសប្បាយឥតកករ

ទាំងម្ចាស់ក៏ត្រេកអរ                ដើមផលល្អប្រយោជន៏ក្រៃ។

៣.   ដើមចេកហើយនឹងម្ចាស់          គិតផ្ទុយច្បាស់ចិត្តស្រមៃ

ចេកខ្លះសប្បាយក្រៃ                រស់រាល់ថ្ងៃឥតខ្វល់ខ្វាយ។

៤.   ឯម្ចាស់ប្រឹងថែទាំ                    សង្ឃឹមមាំបានសប្យាយ

លក់ចេកបានប្រាក់ចាយ          ព្រួយត្រូវស្រាយរស់ធូរធារ។

៥.   សង្វេគដើមចេកខ្លះ                 រស់យ៉ាប់ណាស់លង់និទ្រា              ចុងក្រោយក្ស័យជន្មា                      ដល់វេលាម្ចាស់កម្ចាយ។

៦.   ដើមល្អក៏គ្មានខ្លឹម                    ក្តីសង្ឃឹមរសាត់ឆ្ងាយ

ទោះល្អហួសបកស្រាយ           ក្រោយសល់ស្តាយជីវិតសូន្យ។

៧.   មនុស្សខ្លះក៏ដូចគ្នា                  ដល់ជរាដូចលិចក្បូន

មច្ចុតោងសណ្តូន                  គង់ស្លាប់សូន្យគ្មានសល់អ្វី។

 

– មច្ចុ ប្រែថាសេចក្តីស្លាប់    ។

 

លីម ចំរើន ២៧.០៤.២០១៤

By កវីស្រី លីម លក្ស្មី